ប្រវត្តិដើម ខេត្តបាត់ដំបង ជាទឹកដីកំណើតរបស់ខ្ញុំ ដែលបានចិញ្ចឹមរូបខ្ញុំតាំងពីតូចដល់ធំ ក្នុងបរិយាកាសមួយដ៏ស្រងេះស្រងោចពន់ប្រមាណ ។ ឯស្ទឹងសង្កែ ក៏ជាស្ទឹងទឹកខ្មៅសម្រាប់ជីវិតកវីនិពន្ធរបស់ខ្ញុំ ដែលខ្ញុំជ្រលក់សរសេរមិនចេះរីងស្ងួតដែរ មិនតែប៉ុណ្ណោះ វាជាកន្លែងមួយបណ្តុះអនុស្សាវរីយ៍រាប់មិនអស់ នៅក្នុងឆាកជីវិតស្នេហាបឋមវ័យរបស់ខ្ញុំ ។ ក្នុងចំណោមដើមដូងទាំងជួរនៅត្រើយខាងលិច មានដើមដូងមួយឋិតនៅចំពីមុខកំពង់វត្តវាល និងមានកៅអីថ្មមួយ ដែលខ្ញុំធ្លាប់ទៅអង្គុយបណ្តែតអារម្មណ៍ នៅរាល់ពេលទឹកជំនន់ និងទឹកស្រក ។ បទនេះចាប់កំណើតឡើង នៅក្នុងកំណត់ហេតុនិពន្ធរបស់ខ្ញុំ តាំងតែពីឆ្នាំ ១៩៦៩ ម្ល៉េះ ប៉ុន្តែគ្រាន់តែបានកត់ត្រាទុកក្នុងសៀវភៅ មិនទាន់បានបញ្ចេញឱ្យអ្នកចម្រៀងណាបកស្រាយនៅឡើយ ។ កាលណោះ នៅចំពេលដែលដំណើរជីវិតរបស់ខ្ញុំបានចុះដុនដាបមែនទែន ។ ម្តាយខ្ញុំបានឈឺស្លាប់នៅក្រោមផ្ទះគេ ខ្ញុំលះបង់ការសិក្សា ហើយគ្មានការងារធ្វើ ។ កូនស្រីអ្នកជិតខាងម្នាក់ ដែលខ្ញុំបានលួចស្រឡាញ់ ហើយដែលនាងធ្លាប់សច្ចាស្បថស្បែថា ស្មោះស្ម័គ្រស្រឡាញ់តែខ្ញុំដែរ បែរជាត្រូវបោះបង់ខ្ញុំចោលគ្មានអាល័យ ។ ពេលមួយខ្ញុំបានណាត់ជួបនាងនៅមាត់ស្ទឹងសង្កែរ ក្រោមម្លប់ដើមដូងទីដប់ តែនាងមិនមក ទោះជាខ្ញុំបានណាត់សន្យាកាលពីថ្ងៃហើយក៏ដោយ ។ ទឹកជន់ ទឹកហូរកាចស្ទឹង បោះពួយនាំពពុះសំណាត់រសាត់ទៅកាន់បឹងទន្លេសាប ដោយគ្មានវិលត្រឡប់ ពាំនាំទាំងស្នេហាអស់សង្ឃឹមរបស់ខ្ញុំទៅជាមួយផង ធ្វើឱ្យបេះដូងខ្ញុំមានរបួស,,, រហូតដល់ឆ្នាំ ១៩៧២ ទើបខ្ញុំរៀបចំបទនេះឡើង ដើម្បីថតផ្សាយ ។ លោក ស៊ិន ស៊ីសាមុត ដែលបានច្រៀងបទនេះ គឺច្រៀងផងខ្សឹបខ្សួលផង ហាក់ដូចជាជួយរួមចំណែកកាន់ទុក្ខអតីតស្នេហារបស់ខ្ញុំ ដែលមានកំណើតឡើងនៅមាត់ស្ទឹងសង្កែ ហើយត្រូវរលោយទៅវិញ នៅមាត់ស្ទឹងសង្កែនោះដែរ ។ បទនេះ ឋិតនៅក្នុងកម្រងចម្រៀង "កម្លោះហុងដា កញ្ញាប៉េសេ" ដែលមានប្រជាប្រិយភាព ចំពោះអ្នកស្នេហាតន្ត្រី រហូតមកដល់ពេលបច្ចុប្បន្ននេះឥតមានស្រកស្រុតឡើយ,,, ។ បទភ្លេងទំនុកច្រៀង ៖ គង្គ ប៊ុនឈឿន សម្រួលតន្រ្តី ៖ ហាស់ សាឡន ច្រៀងដោយ ៖ ស៊ិន ស៊ីសាមុត ១- មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ លាយនឹងជំនោរ ថ្ងួចថ្ងូរផ្តាំទឹកជំនន់ រៃយំទ្រហឹង លាស្តឹងកវីនិពន្ធ សុរិយាទោរទន់ ពួនក្រោយផ្ទះស្រី ។ ២- ដើមដូងទីដប់ ម្លប់គ្របមាត់ស្ទឹង បងឈររំពឹង ឈរចាំព្រលឹង ស្ងាត់ឈឹងកណ្តាលរាត្រី អូនភ្លេចសន្យា ដែលបានវាចាពីថ្ងៃ ថាម៉ោងប្រាំបី ស្រីមកជួបបង ។ R- ឥឡូវស្ងាត់សូន្យ ដូចក្បូនរសាត់ ទឹកគូចសំណាត់ ហូរលឿនកន្លង បុណ្យផ្កាវត្តពោធិ នៅមិនទាន់ឆ្លង មិនគួរនួនល្ងង បែរខ្នងសូន្យសោះ ។ ៣- ភ្លេងការគ្រិមៗ ពីទួលតាឯក ក្លាយជាខ្លងខែក នារីពស់វែក បិទភ្នែករៀបការនឹងប្រុស បងឈរមាត់ស្ទឹង ប្រឹងយំរងំក្នុងពោះ លាស្រីស្រោមងោះ ឈ្មោះក្នុងជាខ្លា ៕ ដកស្រង់ពី សៀវភៅកំណាព្យស្នេហ៍មាស របស់លោក គង្គ ប៊ុនឈឿន
ទំព័រដើម ~ សុខភាព និងសម្រស់ ~ ដំណើរកំសាន្ត ~ ចំណេះដឹងទូទៅ ~ សួនកំណាព្យ ~ ហោរាសាស្រ្ត ~ ពីនេះពីនោះ ~ អំពីខ្ញុំ |
ហ្វេសប៊ុក
Saturday, September 17, 2011
ម្លប់ដូងទី ១០
Posted by សិរីសោភា Sereisophear at 9:58 AM
Labels: ស៊ិន ស៊ីសាមុត
Subscribe to:
Post Comments (Atom)
អ្នកចំរៀង
- ប៉ែន រ៉ន (7)
- ប៉ែន រ៉ន MP3 (2)
- មាស ហុកសេង (2)
- ម៉េង កែវពេជ្ជតា (1)
- រស់ សេរីសុទ្ធា (55)
- ស៊ិន ស៊ីសាមុត (2)
- ស៊ិន ស៊ីសាមុត MP3 (3)
- ស៊ិន ស៊ីសាមុត និង ប៉ែន រ៉ន (9)
- ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា (31)
- ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា MP3 (7)
- សុង សេងហ៊ន (5)
- សូ សាវឿន (4)
- អ៊ិន យ៉េង (1)
- អ៊ឹង ណារី (1)
- អ្នកចំរៀងផ្សេងៗទៀត (16)
0 comments:
Post a Comment