សព្វថ្ងៃវិទ្យាសាស្រ្តកែសម្ផស្ស បានជឿនលឿនណាស់ ប៉ុន្តែកែបានតែទម្រង់មុខឲមានសោភណ័ប៉ុណ្ណោះ ។ គេមិនអាចកែ "ទឹកមុខ" ឲស្រស់បំព្រងប្រិមប្រិយបានទេ ។ ព្រោះទឹកមុខមនុស្សទាក់ទងទៅដល់ "ទឹកចិត្ត" ។ បើទឹកចិត្តមួហ្មង ទឹកមុខក៏ស្រអាប់ដែរ ព្រោះឈាមនៅលើផ្ទៃមុខ វាប្រែទៅជា "ស្រអាប់" ។ បើចិត្តយើងរីករាយ ឈាមក៏ស្រស់ថ្លា មានពណ៌ដូចផ្កាកុលាប ។
តើកត្តាអ្វី ដែលធ្វើឲទឹកមុខ "ស្រស់ថ្លា" ? ។ ចម្លើយមានតែមួយគត់គឺ "ដេកគ្រប់គ្រាន់" ។ កាលណាយើងដេកគ្រប់គ្រាន់ (ដេកឆ្អែត) មនោសញ្ជេតនារបស់យើងក៏រីករាយជ្រះថ្លា ញ៉ាំអ្វីក៏ដឹងរសជាតិ ។
ហេតុនេះហើយ បានជាមានពាក្យស្លោកពោលថា ៖
កាលណាយើងដេកលក់ ជរាភាពក៏ដេកលក់ដែរ
អ្នកដែលដេកមិនសូវលក់, មិនគ្រប់គ្រាន់ទោះបីអាយុនៅក្មេងក៏ដោយ ក៏មើលទៅឃើញដូចជាចាស់ដែរ ។ កាលណាដេកមិនឆ្អែតគ្រប់គ្រាន់ ចិត្តយើងមួម៉ៅច្រើនខឹងរអ៊ួរទាំច្រើន អ្នកណាធ្វើអ្វីក៏ទាស់ចិត្តដែរ ញ៉ាំអ្វីក៏ខ្សោះ ។
ដូច្នេះ គប្បីមិត្តនារីទាំងឡាយ គេងឲបានច្រើនបានឆ្អែតស្កប់ស្កល់ បើបានត្រឹមត្រូវតាមពេលវេលាទៀតរឹតតែប្រសើរ ។ វេលាដែលល្អសំរាប់គេងគឺចាប់ពីម៉ោង ១១ យប់ទៅដល់ម៉ោង ៤ ជិតភ្លឺ ។ ជាពិសេសបំផុតគឺម៉ោង ១២យប់ទៅម៉ោង ៣ ។ ព្រោះម៉ោងនេះខួរក្បាលយើងត្រូវការសំរាក ។ បើយើងខកខានគេងនៅម៉ោងនេះ ហើយទៅគេងនៅម៉ោងផ្សេងទៀត ច្រើនជាងក៏សងពុំរួចដែរប៉ុន្តែកុំគេង "ទ្រមក់" រហូតកូនបត់ជើងដាក់ ក៏មិនដឹងដែរអាហ្នឹងមិនកើតទេចា៎...... ៕
ដកស្រង់ពី
តម្រាប្រចាំខែសម្រាប់នារី
ចងក្រង និង រៀបរៀងដោយ អមតា
១៥ មករា ១៩៩៩
0 comments:
Post a Comment