សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Wednesday, July 13, 2011

ស្ពានឈើអភ័ព្វ




ប្រវត្តិដើម

MELODIE របស់បទនេះ ខ្ញុំបានតែងតាំងពីឆ្នាំ ១៩៥៤ ពេលដែលខ្ញុំនៅរៀនវិទ្យាល័យព្រះមុនីវង្ស តែបានដាក់ទំនុកច្រៀងផ្សេងឈ្មោះថា ខ្សែទឹកគួច ខ្ញុំតែងបទនេះឡើង សម្រាប់ប្រគុំលេងមួយដងមួយកាលព្រោះខ្ញុំក៏ជាសមាជិកនៃវង់តន្ត្រី នៅក្នុងវិទ្យាល័យនោះដែរ កាលពីក្មេងខ្ញុំចេះកូតវីយ៉ូឡុង ចេះលេងគ្ហីតាខ្លះៗ ចេះច្រៀងល្មមស្តាប់បាន និងចេះដេញម៉ង់ដូលីនយ៉ាងស្ទាត់


លុះដល់រវាងឆ្នាំ ១៩៧៣ ទើបខ្ញុំសើរើរៀបចំ MELODIE នេះឡើងដោយដាក់ទំនុកច្រៀងថ្មី ឈ្មោះថា ស្ពានឈើអភ័ព្វ


មូលហេតុដែលនាំអោយខ្ញុំសម្រេច ដាក់​ចំណង​ជើង​បទ​នេះ​ដូច្នេះ គឺ​ខ្ញុំ​រម្លឹក​ដល់​ខ្សែ​ជីវិត​របស់​ខ្ញុំ កាល​ពេល​មួយ​ដែល​ត្រូវ​រសាត់​អណ្តែត​គ្មាន​គោល​ដៅ​នោះ


បន្ទាប់ ពី​ឳពុក​ម្តាយ​ស្លាប់​ចោល​អស់ និង​មាន​បេះ​ដូង​ប្រេះ​ឆា​ដោយ​ជីវិត​ស្នេហា​បឋមវ័យ​នោះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចង់​ចូល​បួស​ជាសាមណេរ ដើម្បីបង្វែរ​ជីវិត​ពី​លោកិយ៍​ដ៏​អភ័ព្វ ទៅ​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ​ធម៌​វិញ ជា​មធ្យោបាយអាច​អោយ​ខ្ញុំ​បាន​ខំ​រក្សា​ធម៌អារ្យ និង​កសាង​មគ្គផល​សម្រាប់​ជាតិ​មុខ កុំ​ឲ្យ​អភ័ព្វ​រង​ទុក្ខ​វេទនា​ដូច​ជាតិ​នេះ​ពេក


កាល​ណោះ សម្តេច​ព្រះ​មេគណ អ៊ីវ ទួត ព្រះ​ចៅ​អធិការវត្ត​ពោធិវាល​ព្រមទាំង​អាចារ្យ ដូន​ជី​ប្រចាំ​ទី​អារាម​នោះ បាន​ស្មោះ​ស្ម័គ្រ​ព្រម​ព្រៀង​ជួយ​បំបួស​ខ្ញុំ ដោយ​បាន​ប្រគល់​សៀវ​ភៅ​ធម៌ឲ្យ​ខ្ញុំ​រៀន​សូត្រ​ត្រៀម​ជា​ស្រេច សំរាប់​ដល់​ថ្ងៃ​កំណត់ ។


ប៉ុន្តែ នៅ​ប្រមាណ​ជា​មួយ​អាទិត្យ​ទៀត​ដល់​ថ្ងៃ​បំ​បួស ពេល​ដែល​ទឹក​ស្ទឹង​សង្កែរ​កំពុង​ឡើង​ជន់​ជោរ​ខ្លាំង ខ្ញុំ​ក៏​អង្គុយ​នៅ​មាត់​កំពង់​ទឹក​វត្ត​ពោធិវាល ដោយ​អារម្មណ៍​អណ្តែត​អណ្តូង ។ ជា​ធម្មតា ជា​ច្រើន​ថ្ងៃ​ហើយ ដែល​ខ្ញុំ​បាន​កាន់​សៀវ​ភៅ​ធម៌ ទៅ​អង្គុយ​ទន្ទេញ​នៅ​ទី​នោះ ប៉ុន្តែ​យប់​នេះ ក្រោយ​ពី​ត្រិះរិះ​ពិចារណា​វែង​ឆ្ងាយ​ទៅ​តាម​ទិដ្ឋភាព​ខ្សែ​ទឹក​ហូរ ខ្ញុំ​ក៏​ផ្លាស់​ប្តូរ​គំនិត មិន​ចង់​បួសវិញ ។


មិន​ចង់​បួស​មិន​មែន​មាន​ន័យ​ថា​ស្អប់​ភេទ​ជា​បព្វ​ជិត​នោះ​ឡើយ ប៉ុន្តែ​ខ្ញុំ​នៅ​មាន​សមាន​ចិត្ត​តស៊ូ​ក្នុង​ឆាក​ជី​វិត​ទៅ​មុខ​ទៀត កុំ​ឲ្យ​មន​សិការ​ស្តី​បន្ទោស​ថា​រត់​ចូល​ទៅ​បួស ព្រោះ​តែ​ដោះ​ស្រាយ​បញ្ហា​អស់​សង្ឃឹម​នោះ ។ ថ្ងៃ​មួយ​បើ​មាន​ឱកាស ខ្ញុំ​នឹង​បួស​ឡើង​វិញ ។…


ក្រោយ​ពី​សម្រេច​ចិត្ត​ហ្មត់​ចត់​ហើយ ខ្ញុំ​ក៏​ផ្ញើ​ទុក​សៀវ​ភៅ​ធម៌​នៅ​មាត់​កំពង់​ទឹក​នោះ ហើយ​ក៏​ឈប់​នៅ​ម្តុំ​វត្ត​ពោធិវាល ដោយ​ផ្លាស់​ទៅ​នៅ​ឯវត្ត​ភូមិ​កំផែងជិត​ផ្សារ​លើ​វិញ ។


នៅ​ពេល​នោះ មាន​លោក​គ្រូ​បង្រៀន​ម្នាក់ មិន​ទាន់​ដល់​ពេល​ចូល​និវត្តន៍​តែ​ចាប់​ផ្តើម​ពិការ​ភ្នែក បង្រៀន​សិស្ស​មិន​បាន ក៏​បាន​ទាក់​ទង​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ជំនួស​គាត់ ហៅ​ថា (MAITRE Suppleant) បង្រៀន​នៅ​ទក្សិណសាលា​បឋម​សិក្សា​ខេត្ត ​(Groupe Scolaire Sud) ។


ធ្វើ​ការ​បណ្តោះ​អាសន្ន​នៅ​ទី​នោះ បាន​មួយ​ឆ្នាំជា​ចៃ​ដន្យ​ខ្ញុំ​ក៏​បាន​ជួប​នឹង​សង្សារ​ចាស់​របស់​ខ្ញុំ ដែល​កាល​ពី​មុន​នាង​នៅ​ម្តុំ​វត្ត​ពោធិវាល តែ​ត្រូវ​ដូរ​ផ្ទះ​ផ្លាស់​មក​នៅ​ម្តុំ​វត្ត​កំផែង​នោះ​ដែរ ។


ទោះ​បី​រឿង​រ៉ាវ​ស្នេហា​របស់​ខ្ញុំ ត្រូវ​ប៉ិច​ពន្លក​ឡើង​វិញ​ក៏​ដោយ ក៏​ពន្លក​ស្នេហា​នេះ មិន​អាច​ទប់​ទល់​នឹង​ព្យុះ​សង្ឃរាកំណាច​បាន​ឡើយ ។ អ្វី​ៗ​ដែល​បាន​ធ្វើឲ្យ​ចិត្ត​នាង​ប្រែ​ប្រួល​អស់… ស្ទឹង​សង្កែរ​ហាក់​ដូច​ជា​មិន​យោគ​យល់​ដល់​ខ្ញុំ​បន្តិច​សោះ​… ស្ពាន​ឈើ​មួយ​ដែល​ខ្ញុំ​ធ្វើ​ទុក​សម្រាប់​ឲ្យ​នាង​ឆ្លង នាង​បែរ​ជា​ស្អប់​ខ្ពើម​ហើយ​ទៅ​ឆ្លង​ស្ពាន​ថ្ម​វិញ ។…


នេះ​ជា​គោល​ដៅ ដែល​នាំ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​និពន្ធ​បទ​នេះ​ឡើង ប៉ុន្តែ​មាន​អ្នក​ខ្លះ ដែល​មិន​បាន​ដឹង​ចំណង​ជើង​ពិត​ប្រាកដ​នៃ​បទ​នេះ ក៏​នាំ​គ្នា​ហៅ​ថា​ជា​បទ ភូមិវត្ត​កំផែង ទៅវិញ​ ដោយ​ឃើញ​បទ​នេះ ចាប់​ផ្តើម​ឃ្លា​ឡើង​ថា​ភូមិ​វត្ត​កំផែង … ។


ទន្ទឹម​នោះ ក៏​មា​ន​អ្នក​ខ្លះ​ឆ្ងល់​ហើយ​សួរ​ខ្ញុំ​ផង​ដែរ ថា​តើ​ឃ្លា​ដែល​និយាយ​ថា បងឈឺក្អួតឈាមដូច​អ៊ុក​សា​រ៉េន នោះ តើ​អ៊ុក​សា​រ៉េន​នោះ​ជា​អ្នក​ណាទៅ ? -​ខ្ញុំ​សូម​បញ្ជាក់​ថា អ៊ុក​សា​រ៉េន ជា​តួ​អង្គ​ក្នុង​រឿង​ព្រេង​បូរាណ​ខ្មែរ​មួយ​គឺ​រឿង​អផៃ​មុនី​ស៊ី​សុវណ្ណ ។ អ៊ុកសារ៉េន ឈឺ​ចិត្ត​ក្អួត​ឈាម​ដោយ​ធ្វើ​សង្គ្រាម​ស្នេហា​ចាញ់​ព្រះអផៃ​មុនី ។


បទភ្លេង​ទំនុក​ច្រៀង : គង្គ ប៊ុន​ឈឿន

សម្រួលតន្ត្រី : ហាស់ សាឡន

ច្រៀង​ដោយ : ស៊ិន ស៊ីសាមុត


១- ភូមិ​វត្ត​កំផែង​ខ្ញុំ​សូម​ថ្លែង​ទុក្ខ ស្នេហ៍ខាន​ជួប​មុខ រាយ​ជា​ទំនុក​គុក​កម្ម​ស្នេហ៍​ខ្ញុំ ស្ពាន​កំសត់​ក្បត់​ស្នេហ៍​ឧត្តម ក្បត់​រាត្រី​ច័ន្ទ្រា​ទឹក​ឃ្មុំ តោ​យំ​សុំ​ក្តី​មេ​ត្តា ។


២- ឱ​វាល​បែក​ចាន បែក​ចិត្ត​ទៅ​ហើយ ស្នេហ៍​គ្មាន​កោះ​ត្រើយ ស្ទឹង​សង្កែ​អើយ ម្តេច​ឡើយ​ឫស្យា គួច​ស្នេហ៍​ខ្ញុំ ឱ្យ​លង់​មរណា គួច​ទាំង​ចិត្ត​ឱ្យ​ស្វិត​ដូច​ផ្កា ខ្លោច​ផ្សា​ឱរ៉ា​មួរ​ហ្មង ។


R- គ្រាប់​ខ្សាច់​បាត​បឹង​រៀម​ប្រឹង​រក្សា ទុក​រោយ​ធ្វើ​ជា​ផ្កា​ស្លា រៀប​ការ​អូន​ហើយ​នឹង​បង ស្ពាន​កំសត់​ធ្វើ​ឱ្យ​អូន​ឆ្លង តែ​កម្ម​កាច​កំណាច់​កន្លង នួន​ល្អង​ឆ្លង​ស្ពាន​ថ្ម​វិញ ។


៣- បង​ឈឺ​ក្អួត​ឈាម​ដូច​អ៊ុក​សា​រ៉េន ឈឺ​ហួស​ព្រំ​ដែន​ស្រី​ចិត្ត​ម៉ឺន​សែន​នឹក​សែន​ទោ​ម្នេញ បេះ​ដូង​មួយ​គេ​អាច​ដូរ​ទិញ ដូច​ទឹក​ស្ទឹង​ហូរ​មិន​វិល​វិញ ទោ​ម្នេញ​ព្រោះ​ស្រី​ចិត្ត​ស្រល់ ។


ដកស្រង់ពី សៀវ​ភៅកំណាព្យស្នេហ៍មាស​របស់​លោក គង្គ​ ប៊ុន​ឈឿន

0 comments:

Template by - Abdul Munir | Daya Earth Blogger Template