សូមជូន​ពរ​អោយ​អ្នក​ជួប​តែ​ពុទ្ធិពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​ វណ្ណៈ សុខៈ ពលៈ និង​បតិភានៈ កុំ​បី​ឃ្លាង​ឃ្លាត​ឡើយI wash you five blesses of Buddha: life, class, Health, Strength and Wisdom for always

Thursday, June 17, 2010

សម្រស់នាងចែវទូកដ Somros Neang Jaev Thouk Dor

បទ​ភ្លេង​ទំនុក​ច្រៀង ៖ គង្គ ប៊ុនឈឿន , សម្រួល​តន្ត្រី ៖ ហាស់ សាឡន , ច្រៀង​ដោយ ៖ ស៊ិន ស៊ីសាមុត

ប្រវត្តិដើម ៖ ​លោក គង្គ ប៊ុន​ឈឿន និពន្ធ​បទ​នេះ​ឡើង ដើម្បី​ឧទិ្ទស​ដល់​ទឹក​ដី​កំណើត​របស់​ខ្មោច​ម្តាយ​លោក គឺ​ឃុំ​ព្រែក​ហ្លួង ។ ទោះ​បី​លោក​បាន​ព្រាត់​ឃ្លាត​មក​តាំង​ពី​តូច​មក​ក៏​ដោយ ក៏​ពេល​ណា​ដែល​លោក​បាន​ទៅ​លេង​ទី​នោះ​ម្តង​ៗ លោក​តែង​ឮ​គេ​និយាយ​ថា លោក​មាន​បង​ប្អូន​ញាតិ​សន្តាន ហូរ​ហែ ចាប់​តាំង​ពី​ម្តុំ​វត្ត​កែវ ព្រែក​ខ្ពប រហូត​ទៅ​ដល់​ស្ទឹងចាស់​ឯណោះ ។...
ដោយ​ហេតុ​នេះ​ហើយ ទើប​នៅ​ពេល​ដែល​លោក​ជិះ​ទូក​ដ ពី​កំពង់​ភូមិ​ដូន​ទាវ ទៅ​កាន់​ភូមិ​ព្រែក​ហ្លូង លោក​បាន​ជួប​នឹង​នារី​ចែវ​ទូក​ដ​ម្នាក់ ដែល​មាន​សម្រស់​គួច​ជាប់​ចិត្ត​ក្នុង​ក្តី​ស្រមៃ​របស់​លោក ។
ធម្មជាតិ​ជា​កម្លោះ ឲ្យ​​តែ​បាន​ឃើញ​ស្រី​ក្រមុំ​មាន​រូប​ស្អាត តែង​តែ​មាន​គិត​គួច​រវើរវាយ​ទៅ​រក​ផ្លូវ​ស្នេហា​ជា​ធម្មតា ប៉ុន្តែ​នារី​ដែល​ចែវ​ទូក​ដ​បញ្ជិះ​លោក​នោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​​លោក​លួច​ស្រឡាញ់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​​លោក​អាណិត​អាសូរ​នាងខ្លាំង​ទៅ​ទៀត ដោយ​សារ​នាង​គរ​និយាយ​មិន​រួច ។ ក្រោយ​ពី​ស៊ើប​សួរ​គេ​ឯង​ទៅ​ ទើប​ដឹង​ថា​នារី​នោះ​មិន​មែន​ជា​អ្នក​ដ៏​ទៃ​ទេ គឺ​ជាប់​​ជា​សាច់​សារ​លោហិត​ជាមួយ​លោក​ដែរ ប៉ុន្តែ​ឆ្ងាយ​ស្ទើរ​ក្លាយ​ជា​អ្នក​ដ៏​ទៃ​ឯទៀត​ទៅ​ហើយ ... ។
ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​លោក​នៅ​តែ​​ស្រមៃ​នឹក​​ដល់​ថ្ងៃ​ចៃ​ដន្យ​នោះ ហើយ​នឹក​ដល់​ទេស​ភាព​ និង​ជីវិត​ដ៏​សែន​​ស្រងេះ​ស្រងោច នៃ​ភូមិឋាន​ប្រជាជន​នៅ​តាម​ដង​ស្ទឹង​​រហូត​ដល់​បណ្តាល​ឲ្យ​លោកប្រមូល​ចង​ក្រង​មនោសញ្ចេតនា រៀប​ចំ​បទ​នេះ​ឡើង​គឺ​ដើម្បី​រំលឹក​ដល់​ថ្ងៃ​មួយ ដែល​ខ្ញុំ​បាន​ជិះ​ទូក​ដ​ទៅ​លេង​ស្រុក ជួប​នឹង​នារី​កំសត់​អត់​ចេះ​និយាយ​នោះ​ឯង ។
គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​ធ្លាប់​ទៅ​លេង​ភូមិ​ដូន​ទាវ ក្នុង​ខេត្ត​បាត់​ដំបង ទើ​ប​ស្គាល់​ទូក​ដ​នេះ​ច្បាស់ គឺ​ជា​ទូក​តូច ចែវ​​១ ឬ​ចែវ​២ មាន​ដំបូល​សម្រាប់​ដឹក​អ្នក​ដំណើរ​ចុះ​ឡើង​តាម​ដង​ស្ទឹង ហើយ​គិត​ជា​តម្លៃ​ឈ្នួល​តាម​ជិត​ឆ្ងាយ ។
ប៉ុន្តែ មាន​ផលិត​កម្ម​វីដេ​អូ​ខ្លះ មាន​ការ​ភ័ន្ត​ច្រឡំ ពេល​យក​បទ​នេះ​ទៅ​ថត​ជា​ចម្រៀង​កាយ​វិការ ឬ​ការ៉ា​អូ​ខេ បែរ​ជា​ដាក់​ឲ្យ​តួ​សម្តែង ចែវ​ឬ​អុំ​ទូក​ឥត​ដំបូល ហើយ​ឆ្លង​ពី​ម្ខាង​ទៅ​ម្ខាង​ទៅ​វិញ ! នោះ​គេ​មិន​មែន​ហៅ​ថា​ទូកដ​ទេ គឺ​គេ​ហៅ​ថា​ទូក​ចម្លង ។
ជាមួយ​នោះ​ដែរ មាន​អ្នក​និពន្ធ​បទ​ចម្រៀង​ខ្លះ ចង់​និយាយ​ពី​ជីវិត​អ្នក​ចែវ​ទូក​ដ គឺ​ទូក​ឥត​ដំបូល ហើយ​ឆ្លង​ទន្លេ ។ នេះ​ជា​ភាព​គ្មាន​ប្រាកដ​និយម​ឡើយ ការ​ពិត​ទូក​ឥត​​ដំបូល ដែល​ឆ្លង​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង មិន​មែន​ហៅ​ថា​ទូក​ដ​ទេ គឺ​ជា​ទូក​ចម្លង ។

-​អ្នក​ដែល​ស្គាល់​ភូមិ​សាស្ត្រ​ទឹក​ដី​នេះ គេ​អាច​ថា​លោក​រៀប​រាប់​វិល​វល់​ចុះ​ឡើង នូវ​ឈ្មោះ​ភូមិ​ដែល​លោក​បាន​ជិះទូក​ឆ្លង​កាត់​នោះ ។ ប៉ុន្តែ នេះ​គ្រាន់​ជា​ការ​រៀប​សម្រួល​ទៅ​តាម​បច្ចេក​ទេស​កំណាព្យ​តែ​ប៉ុណ្ណោះ មិន​មែន​រៀប​រាប់​ហូរ​ហែតាម​លំដាប់​លំ​ដោយ​នោះ​ទេ ។


១- ជិះ​ទូក​តាម​ស្ទឹង ប្រឹង​លប​មើល​ស្រី ធម្មជាតិ​ស្រស់​ខៀវ​ខ្ចី ក្តាំង​ងារ​ព្រែក​ស្តី ព្រៃ​វាល​អន្លក់ ស្ទឹង​ចាស់ ព្រែក​ហ្លូង ទ្រូង​ជាប់​ជ័រ​ឆក់ ក្រោម​ភ្លៀវ​រលឹម​តក់​ៗ ជួប​ផ្កា​ខ្ចី​ល្ហក់ ឆើត​ឆាយ ។

២- បង​ជា​ទេសចរ ជិះ​ទូក​ដរ​អូន គន់​មើល​ផ្កា​ស្រពោន ដៃ​តូច​ស្រឡូន​គាស់​ទឹក​បែក​ខ្ចាយ កុលាប វត្ត​កែវ ល្អ​គន់​មិន​ណាយ ភ័ក្រ្ត​ស្រស់​សក់​វែង​រំសាយ បង​តែង​ចុត​ហ្មាយ​សុំ​ស្នេហ៍ ។

R- តែ​កម្ម​អាក្រក់ ដក់​ត្រាំ​ដួង​ចិត្ត ដូច​មេឃ​ងងឹត ព្រាត់​ពី​ដួង​ខែ កុលាប​ឆើត​ស្រស់ មាន​សម្ផស្ស​ស្នេហ៍ ផល​កម្ម​បំបែរ ឲ្យ​គ​និយាយមិន​រួច ។

៣- បង​អារ​ឈាម​ស្រោច ក្នុង​ស្ទឹង​សង្កែ ក្រោម​ពន្លឺ​ដួង​ខែ ផ្សង​ឲ្យ​ជួប​ស្នេហ៍​កុលាប​ថ្ពាល់​ខួច កុលាប វត្ត​កែវ​នេត្រា​មុត​ស្រួច សូម​ឲ្យ​បាន​និយាយ​រួច ឲ្យ​ដឹង​ថា​បង​លួច​ស្នេហ៍ ៕


ដក​ស្រង់​ពី
សៀវ​ភៅ​កំណាព្យ​ស្នេហ៍​មាស
ដោយ​លោក គង្គ​ ប៊ុនឈឿន

0 comments:

Template by - Abdul Munir | Daya Earth Blogger Template