បទភ្លេងទំនុកច្រៀង ៖ លោក គង្គ ប៊ុនឈឿន
សម្រួលតន្ត្រី ៖ លោក ហាស់ សាឡន
ច្រៀងដោយ ៖ លោក ស៊ិនស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា
១- (ស) បិទភ្នែកស្រមៃក្នុងដៃប្រុសស្នេហ៍ ខ្យងសោកបំពេរឆ្នេរកោះបាលី (ប) អូនជាកុលាបឥណ្ឌូណេស៊ី (ស) បងជាឥន្ទ្រីយហើរពីដែនឆ្ងាយ ។
២- (ប) ខ្សឹបខ្សៀវស្រៀវស្រើបថើបក្លិនចរណៃ បងសូមលាថ្លៃស្រីស្រស់ឆោមឆាយ លាមួយគ្រាសិនទាំងក្តីសោកស្តាយ (ស) សូមប្រុសឆោមឆាយកុំប្រែចិន្តា ។
R- (ប) បងមិនភ្លេចទេអនុស្សាវរីយ៍ បងនិងឆវីស្រស់ស៊ូម៉ាត្រា (ស) ខ្នល់ខ្នើយកើយដៃក្នុងល្អាងផ្កាស្លា វេញខ្សែនេត្រា សាងស្នេហ៍រយជាតិ ។
៣- (ប) លាហើយ លាហើយ រំដួលកោះស្នេហ៍ យ៉ាងយូរដប់ខែបងមកជួបទៀត (ស) ឯណាថ្ពាល់បងអូនសូមស្រង់ជាតិ ទោះបីបងឃ្លាតរសជាតិអូនចាំ ។
CODA. (ប) លាហើយ ស៊ូម៉ាត្រា (ស) កុំភ្លេចអូនណ៎ា ប្រុសបង !...
ប្រវត្តិដើម
បទនេះ ក៏មានប្រវត្តិស្រដៀងនឹងបទ រាហូចាប់ច័ន្ទ ដែរ ។ គឺសុទ្ធតែស្រង់ចេញពីប្រលោមលោក រឿងរាហូចាប់ច័ន្ទ ដូចគ្នា គឺចង់ត្រដាងពីឆាកស្នេហាដ៏ផ្អែមល្ហែមមួយ នៅលើកោះស៊ូម៉ាត្រា រវាងរាហូជាមួយកុលាបឥណ្ឌូណេស៊ីនោះ ។ អ្នកដែលមិនបានដឹងរឿងនេះពិតប្រាកដ ក៏ស្មានតែស៊ូម៉ាត្រាជាឈ្មោះតួអង្គស្រី ក៏ទៅជាដាក់ឲ្យតួប្រុសហៅឈ្មោះតួស្រីថា ស៊ូម៉ាត្រា ទៅវិញ ។ សព្វថ្ងៃបទនេះមានឥទិ្ធពលខ្លាំងណាស់ នៅលើសន្តានចិត្តអ្នកស្តាប់ទូទៅគឺតែងតែយកបទនេះទៅច្រៀងឆ្លើយឆ្លង នៅគ្រប់ទីកន្លែងទាំងអស់ ។ ក្រុមហ៊ុនថតចម្រៀងកាយវិការ ឬការ៉ាអូខេ ក៏យកទៅថតដាក់តួឲ្យសម្តែងមិនសូវដែលខានទេ ដោយគេចាត់ទុកថា ចម្រៀងឆ្លើយឆ្លងនេះ ជានិម្មិតរូបនៃពិភពស្នេហ៍នៅលើឆ្នេរខ្សាច់ ក៏ប្រកបដោយក្តីស្រមើស្រមៃលន្លង់លន្លោចមួយ ។ ប៉ុន្តែមានកំណត់សម្គាល់មួយ ដែលគួរឲ្យស្តាយ និងចងចាំដែរគឺពេលដែលថតនៅ Studio នាង រស់ សេរីសុទ្ធា បានច្រៀងច្រលំ Parole មួយម៉ាត់ នៅក្នុង Refrain ត្រង់ពាក្យថា វេញខ្សែនេត្រា បែរជាច្រៀងថា ដេញខ្សែនេត្រា ទៅវិញ ។ នេះជាកំហុសដោយអចេតនា ពេលដែលកំពុងថតគ្មានអ្នកណាចាប់ភ្លឹកឡើយ មានតែលោក គង្គ ប៊ុនឈឿន ជាអ្នកនិពន្ធប៉ុណ្ណោះជាអ្នកដឹង ព្រោះលោកសរសេរអក្សរ វ និង អក្សរ ដ ច្រឡំគ្នា ។ ជួនជាពេលនោះលោកមានជម្ងឺ Surmenace នៅក្នុង Studio មិនបាន ទើបមិនមានអ្នកណាហ៊ានអារកាត់ ចំពោះសូរសៀងនៃទំនុកច្រៀងនេះ ។ នេះក៏ចាត់ទុកជាមេរៀនមួយសម្រាប់អ្នកច្រៀងដែរ គឺអ្វីដែលច្រៀងច្រឡំហើយ ទោះជា ៣០-៤០ ឆ្នាំទៅក្រោយទៀត ក៏នៅតែភ័ន្តច្រឡំដដែល ហេតុនេះពេលកំពុងថត ត្រូវតែប្រយ័ត្នប្រយែងផ្ទៀតផ្ទាត់ពាក្យពេចន៍ឲ្យហ្មត់ចត់មែនទែន ជៀសវាងកុំឲ្យអ្នកជាន់ក្រោយ ច្រៀងទៅតាមការខុសឆ្គងនោះដែរ ។
ដកស្រង់ពី
សៀវភៅកំណាព្យស្នេហ៍មាស
របស់លោក ៖ គង្គ ប៊ុនឈឿន
1 comments:
អគុណចំពោះការរៀបរាបអំពីប្រវត្ដនៃបទចំរៀងនេះ
Post a Comment